គោលការណ៍​ផ្ដល់​រង្វាន់​​សម្រាប់​ការរក​ឃើញ​ចន្លោះ​ប្រហោង

Paxful, Inc. (ឬ​ហៅ​ម្យ៉ាង​ទៀត​ថា “Paxful” “ពួកយើង” ឬ “របស់​ពួកយើង”) ចាត់​វិធានការ​កែ​លម្អ​ផលិតផល​របស់​ពួកយើង និង​ផ្ដល់ជូន​ដំណោះស្រាយប្រកប​ដោយ​សុវត្ថិភាព​ដល់​អតិថិជន​របស់​ពួកយើង។ នៅ​ក្នុង​គោលការណ៍​ផ្ដល់​រង្វាន់​​សម្រាប់​ការរក​ឃើញ​ចន្លោះ​ប្រហោង​នេះ (“គោលការណ៍”) ពួកយើង​រៀបរាប់​អំពី​ករណី​ពាក់ព័ន្ធ​នឹង​កម្មវិធី​ផ្ដល់​រង្វាន់​​សម្រាប់​ការរក​ឃើញ​ចន្លោះ​ប្រហោង​របស់​ពួកយើង និង​របៀប​ដែល​កម្មវិធី​នេះ​គួរ​ត្រូវ​បាន​ប្រើប្រាស់ ពេល​អ្នក​ប្រើ​គេហ​ទំព័រ​របស់​ពួកយើង​តាម https://paxful.com/ រួមមាន​ជាអាទិ៍​កាបូប Paxful, ប្រព័ន្ធ​ជួញដូរ Bitcoin លើ​អ៊ីនធឺណិត, កម្មវិធី​ឧបករណ៍​ចល័ត, ទំព័រ​បណ្ដាញ​សង្គម ឬ​ទ្រព្យ​លើ​អ៊ីនធឺណិត​ផ្សេង​ទៀត (ជា​រួម​ហៅ​ថា “គេហ​ទំព័រ”) ឬ​នៅ​ពេល​អ្នក​ប្រើប្រាស់​ផលិតផល សេវាកម្ម ខ្លឹមសារ បច្ចេកវិទ្យា ឬ​ក៏​មុខងារ​ណា​មួយ​ដែល​ពួកយើង​ផ្ដល់​ជូន (ជា​រួម​ហៅ​ថា “សេវាកម្ម”)។ គោលការណ៍​នេះ​ត្រូវ​បាន​បង្កើត​ឡើង ដើម្បី​ជួយ​ឱ្យ​អ្នក​ទទួល​បាន​ព័ត៌មាន​អំពី​របៀប​ដែល​អ្នក​អាច​ចូលរួម​កម្មវិធី​ផ្ដល់​រង្វាន់​​សម្រាប់​ការរក​ឃើញ​ចន្លោះ​ប្រហោង​របស់​ពួកយើង លទ្ធផល​ស្រាវជ្រាវ​ប្រកប​ដោយ​សុវត្ថិភាព​ណា​ខ្លះដែល​​ពាក់ព័ន្ធ និង​អត្ថប្រយោជន៍​អ្វី​ខ្លះ​ដែល​អ្នក​អាច​ទទួល​បាន។ សូម​ចំណាំ​ថា ការផ្ដល់ជូន​សេវាកម្ម​របស់​ពួកយើង​អាច​ខុសៗ​គ្នា​ទៅ​តាម​តំបន់។

កំណែ​ភាសា​អង់គ្លេស​នៃ​គោលការណ៍​ផ្ដល់​រង្វាន់​​សម្រាប់​ការរក​ឃើញ​ចន្លោះ​ប្រហោង​នេះនឹង​ដើរ​តួ​ជា​លិខិត​តុបករណ៍​ដើម​ដែល​យក​ជា​គោល​សម្រាប់​គ្រប់​គោល​បំណង។ ក្នុង​ករណី​ដែល​មាន​ចំណុច​ខុស​គ្នា​ណា​មួយ​រវាង​កំណែ​ភាសា​អង់គ្លេស​នៃ​គោលការណ៍​ផ្ដល់​រង្វាន់​​សម្រាប់​ការរក​ឃើញ​ចន្លោះ​ប្រហោង​នេះ និង​ការបកប្រែ​តាម​ក្រោយ​ទាំងឡាយ​ទៅ​ជា​ភាសា​ណា​មួយ​ផ្សេង​ទៀត កំណែ​ភាសា​អង់គ្លេស​នឹង​ធ្វើ​ការគ្រប់គ្រង និង​ត្រូវ​យក​ជា​គោល។

តើ​អ្វី​ទៅ​ជា​កម្មវិធី​ផ្ដល់​រង្វាន់​​សម្រាប់​ការរក​ឃើញ​ចន្លោះ​ប្រហោង?

ដើម្បី​កែ​លម្អ Paxful និង​សេវាកម្ម កម្មវិធី​ផ្ដល់​រង្វាន់​​សម្រាប់​ការរក​ឃើញ​ចន្លោះ​ប្រហោង Paxful ផ្ដល់​ជូន​អ្នក​ប្រើប្រាស់​របស់​ពួកយើង​នូវ​ឱកាស​ទទួល​បាន​រង្វាន់ នៅ​ពេល​ពួកគេ​កំណត់​ឃើញ​បញ្ហា​បច្ចេកទេស។

ពេល​រក​ឃើញ​ចន្លោះ​ប្រហោង តើ​អ្នក​រាយការណ៍​មក​ពួកយើង​ដោយ​របៀប​ណា​ដែរ?

រាល់​ការរាយការណ៍​ទាំងអស់​គួរ​តែ​បញ្ជូន​ទៅ [email protected]។ នៅ​ពេល​អ្នក​រាយការណ៍​មក សូម​ផ្ដល់​ការពណ៌នា​ពេញលេញ​អំពី​ចន្លោះ​ប្រហោង និង​ភស្តុតាង​ដែល​អាច​ផ្ទៀងផ្ទាត់​បាន​ថា​ពិត​ជា​មាន​ចន្លោះ​ប្រហោង​នោះ (ការពន្យល់ / ជំហាន​បង្ហាញ​ឡើង​វិញ / រូបថត​អេក្រង់ / វីដេអូ / ស្គ្រីប ឬ​ធនធាន​ផ្សេង​ទៀត)។

វិធាន​កម្មវិធី

ការបំពាន​វិធាន​ណា​មួយ​ក្នុង​ចំណោម​វិធាន​ទាំង​នេះ​អាច​បណ្ដាល​ឱ្យ​បាត់បង់​សិទ្ធិ​ទទួល​បាន​រង្វាន់។

  • ធ្វើ​តេស្ត​ចន្លោះ​ប្រហោង​ដោយ​ប្រើ​គណនី​ដែល​អ្នក​មាន ឬ​គណនី​ដែល​អ្នក​មាន​ការយល់ព្រម​ពី​ម្ចាស់​គណនី​ឱ្យ​ធ្វើ​តេស្ត​ដូច្នេះ​ប៉ុណ្ណោះ។
  • មិន​ត្រូវ​ប្រើ​អ្វី​ដែល​រក​ឃើញ ដើម្បី​លុកលុយ/លួច​ទិន្នន័យ ឬ​បង្វែរ​ទៅ​ប្រព័ន្ធ​ផ្សេង​ទៀត​ទេ។ សូម​ប្រើ​តែ​សំអាង​នៃ​គោល​គំនិត​ប៉ុណ្ណោះ ដើម្បី​បង្ហាញ​អំពី​បញ្ហា។
  • ប្រសិន​បើ​ក្នុង​ការស្វែងរក​ចន្លោះ​ប្រហោង ត្រូវ​ចូល​ទៅ​កាន់​ព័ត៌មាន​រសើប ដូចជា​ព័ត៌មាន​ផ្ទាល់​ខ្លួន និង​ព័ត៌មាន​ផ្ទៀងផ្ទាត់​ជាដើម នោះ​មិន​ត្រូវ​រក្សា​ទុក ផ្ទុក ផ្ទេរ ចូល​ប្រើប្រាស់ ឬ​ដំណើរការ​ព័ត៌មាន​បែប​នេះ​ទេ បន្ទាប់​ពី​ការរកឃើញ​ដំបូង។
  • អ្នក​ស្រាវជ្រាវ​មិន​អាច និង​មិន​ទទួល​បាន​ការអនុញ្ញាត​ឱ្យ​ចូលរួម​ក្នុង​សកម្មភាព​ដែល​នឹង​បង្ក​ការរំខាន ការខូចខាត ឬ​គ្រោះថ្នាក់​ដល់ Paxful ទេ។
  • អ្នក​ស្រាវជ្រាវ​មិន​អាច​បញ្ចេញ​ព័ត៌មាន​ចន្លោះ​ប្រហោង​​ជា​សាធារណៈ (ដោយ​ចែក​រំលែក​ព័ត៌មាន​លម្អិត​ទាំងឡាយ​ជាមួយ​នរណា​ម្នាក់​ក្រៅ​ពី​បុគ្គលិក​ពេញ​សិទ្ធិ​របស់ Paxful) ឬ​ចែក​រំលែក​ព័ត៌មាន​ចន្លោះ​ប្រហោង​ជាមួយ​ភាគី​ទី​បី ដោយ​គ្មាន​ការអនុញ្ញាត​ច្បាស់លាស់​ពី Paxful ទេ។

តើ​ពួកយើង​វាយ​តម្លៃ​បញ្ហា​ដែល​កំណត់​ឃើញ​ក្រោម​កម្មវិធី​ផ្ដល់​រង្វាន់​​សម្រាប់​ការរក​ឃើញ​ចន្លោះ​ប្រហោង​ដោយ​របៀប​ណា​ដែរ?

ការរកឃើញ​ទាំងអស់​ត្រូវ​បាន​វាយ​តម្លៃ​ដោយ​ប្រើប្រាស់​វិធីសាស្ត្រ​ផ្អែក​តាម​ហានិភ័យ។

កិច្ចព្រមព្រៀង​មិន​បញ្ចេញ​ព័ត៌មាន

មុន​ពេល​ពួកយើង​ចាប់ផ្ដើម​ពិភាក្សា​ព័ត៌មាន​លម្អិត​ទាំងឡាយ​ទាក់ទង​នឹង​បញ្ហា​ដែល​បាន​បញ្ជាក់​ដែល​អ្នក​បាន​កំណត់​ឃើញ​ក្រោម​កម្មវិធី​ផ្ដល់​រង្វាន់​​សម្រាប់​ការរក​ឃើញ​ចន្លោះ​ប្រហោង ដូចជា​កម្រៃ​តបស្នង​ជាដើម អ្នក​នឹង​ចាំបាច់​ត្រូវ​ចុះ​កិច្ចព្រមព្រៀង​មិន​បញ្ចេញ​ព័ត៌មាន​ជាមួយ​ពួកយើង​សិន។

តើ​ពួកយើង​ផ្ដល់​រង្វាន់​សម្រាប់​ការរក​ឃើញ​ចន្លោះ​ប្រហោង​ដោយ​របៀប​ណា​ដែរ?

រង្វាន់​ទាំងអស់​ត្រូវ​បាន​ផ្ដល់​ជូន​ដោយ Paxful។ លុះត្រា​តែ​មិន​ផ្ទុយ​នឹង​ច្បាប់ និង​បទ​បញ្ញត្តិ​ជា​ធរមាន រួមមាន​ជាអាទិ៍​ទណ្ឌកម្ម​ផ្នែក​ពាណិជ្ជកម្ម និង​ការរឹត​បន្តឹង​ផ្នែក​សេដ្ឋកិច្ច ទើប​អាច​ផ្ដល់​ជូន​រង្វាន់​ទាំងអស់​​នេះ​បាន។

តើ​ពួកយើង​នឹង​ចំណាយ​ពេល​យូរ​ប៉ុន​ណា ដើម្បី​វិភាគ​ចន្លោះ​ប្រហោង​ដែល​អ្នក​រាយការណ៍​មក?

ដោយសារ​តែ​លក្ខណៈ​ស្មុគស្មាញ និង​ច្រើន​ចម្រុះ​នៃ​បញ្ហា​បច្ចេកទេស ពួកយើង​មិន​បាន​កំណត់​ចន្លោះ​ពេល​ជាក់លាក់សម្រាប់​ការវិភាគ​ចន្លោះ​ប្រហោង​ដែល​រាយការណ៍​មក​ទេ។ ការវិភាគ​របស់​ពួកយើង​នឹង​ត្រូវ​បាន​បញ្ចប់ តែ​នៅ​ពេល​ដែល​ពួកយើង​បាន​បញ្ជាក់​ថា​មាន ឬ​មិន​មាន​ចន្លោះ​ប្រហោង​ប៉ុណ្ណោះ។

តើ​មាន​ករណី​លើកលែង​អ្វី​ខ្លះ​នៅ​ក្នុង​កម្មវិធី​ផ្ដល់​រង្វាន់​​សម្រាប់​ការរក​ឃើញ​ចន្លោះ​ប្រហោង?

ចន្លោះ​ប្រហោង​ជាក់លាក់​ត្រូវ​បាន​ចាត់​ទុក​ថា​នៅ​ក្រៅ​វិសាលភាព​នៃ​កម្មវិធី​ផ្ដល់​រង្វាន់​​សម្រាប់​ការរក​ឃើញ​ចន្លោះ​ប្រហោង​នេះ។ ចន្លោះ​ប្រហោង​ក្រៅ​វិសាលភាព​ទាំង​នោះ​រួមមាន​ជាអាទិ៍៖

  • សារ​ឥត​បានការ
  • ចន្លោះ​ប្រហោង​ដែល​ត្រូវការ​ការបោក​បញ្ឆោត/ការដាក់​នុយ
  • ការវាយ​ប្រហារ DDOS
  • បញ្ហា​ជា​សម្មតិកម្ម​ដែល​មិន​មាន​ផល​ប៉ះពាល់​ជាក់ស្ដែង​ណា​មួយ
  • ចន្លោះ​ប្រហោង​សុវត្ថិភាព​ក្នុង​កម្មវិធី​ភាគី​ទី​បី និង​លើ​គេហ​ទំព័រ​ភាគី​ទី​បី​ដែល​បាន​រួម​បញ្ចូល​ជាមួយ Paxful
  • លទ្ធផល​ស្កេន​ពី​កម្មវិធី​ស្កេន ឬ​របាយការណ៍​ដែល​បង្កើត​ពី​កម្មវិធី​ស្កេន
  • បញ្ហា​ដែល​រក​ឃើញ​តាម​ការធ្វើ​តេស្ត​ស្វ័យប្រវត្តិ
  • បញ្ហា​ដែល​បាន​ចេញ​ផ្សាយ​ជា​សាធារណៈ​ក្នុង​កម្មវិធី​អ៊ីនធឺណិត​ក្នុង​រយៈ​ពេល 30 ថ្ងៃ​នៃ​ការបញ្ចេញ​ព័ត៌មាន​អំពី​បញ្ហា​ទាំង​នេះ
  • ការវាយ​ប្រហារ​ពី​អ្នក​កណ្ដាល
  • ការបញ្ចូល​ក្បាល​អាសយដ្ឋាន​ម៉ាស៊ីន​បង្ហោះ​ដោយ​គ្មាន​ផល​ប៉ះពាល់​ជាក់លាក់​ដែល​អាច​បញ្ជាក់​បាន
  • ការបញ្ឆោត​ឱ្យ​ដំណើរការ​ស្គ្រីប​គ្រោះថ្នាក់​ដោយ​ខ្លួន​ឯង រួម​ទាំង​គ្រប់​ទិន្នន័យ​ជាក់ស្ដែង​ដែល​ជន​រងគ្រោះ​បញ្ចូល
  • CSRF ក្នុង​ការចូល/ចេញ

ព័ត៌មាន​បន្ថែម

ប្រសិន​បើ​អ្នក​កំពុង​ស្វែងរក​ព័ត៌មាន​បន្ថែម​ទាក់ទង​នឹង​គោលការណ៍​នេះ អ្នក​អាច​ទាក់ទង​មក​ពួកយើង​ដោយ​ផ្ញើ​អ៊ីមែល​មក [email protected]