លក្ខខណ្ឌប្រើប្រាស់សេវា Paxful Earn
សូមអានកិច្ចព្រមព្រៀងនេះដោយប្រុងប្រយ័ត្ន។ តាមរយៈការប្រើប្រាស់សេវា Paxful Earn អ្នកយល់ព្រមគោរពតាម "លក្ខខណ្ឌប្រើប្រាស់សេវា Paxful Earn" ដែលបំពេញបន្ថែមទាំងនេះ ហើយអ្នកទទួលស្គាល់ និងយល់ព្រមថា អ្នកបានអានដោយប្រុងប្រយ័ត្ននិងម៉ត់ចត់ យល់ និងទទួលយកគ្រប់លក្ខខណ្ឌទាំងអស់នៅក្នុងនោះដែលបន្ថែមលើលក្ខខណ្ឌប្រើប្រាស់សេវា Paxful ("កិច្ចព្រមព្រៀង")។ ពាក្យទាំងឡាយដែលបានប្រើ តែមិនបានកំណត់និយមន័យនៅខាងក្រោម ត្រូវបានកំណត់អត្ថន័យនៅក្នុងកិច្ចព្រមព្រៀង។ ប្រសិនបើមានភាពខុសគ្នារវាងកិច្ចព្រមព្រៀង និងលក្ខខណ្ឌប្រើប្រាស់សេវា Paxful Earn ក្នុងពេល ឬទាក់ទងនឹងការប្រើប្រាស់សេវា Paxful Earn ដោយរូបអ្នក នោះលក្ខខណ្ឌប្រើប្រាស់សេវា Paxful Earn នឹងត្រូវយកជាគោល។
- អំពី Paxful Earn
-
សេវា Paxful Earn ជានីតិវិធីណែនាំបន្តដែលអនុញ្ញាតឱ្យអ្នក ក្នុងនាមជាអ្នកប្រើប្រាស់ Paxful ដែលមានសិទ្ធិ ធ្វើការផ្ទេរទ្រព្យឌីជីថលរបស់អ្នកទៅប្រព័ន្ធរបស់ដៃគូ ("ភាគីជាដៃគូ Earn") ដែលអ្នកអាចទទួលបានការប្រាក់សម្រាប់ការរក្សាទុកទ្រព្យឌីជីថលជាក់លាក់នៅក្នុងកាបូបរបស់ភាគីជាដៃគូនោះ។
- នីតិវិធីណែនាំបន្ត
-
សេវា Paxful Earn គឺជានីតិវិធីណែនាំបន្តក្នុងគោលបំណងមានកម្រិតដែលមាននៅលើប្រព័ន្ធ Paxful។ ដោយបង្ហាញថា អ្នកចង់ចូលរួមក្នុង Paxful Earn អ្នកផ្ដល់សិទ្ធិឱ្យ Paxful ចែករំលែកព័ត៌មានគណនី Paxful និងព័ត៌មានដែលអាចកំណត់អត្តសញ្ញាណផ្ទាល់ខ្លួនរបស់អ្នកជាមួយភាគីជាដៃគូ Earn សម្រាប់តែគោលបំណងសម្រួលដល់ការវាយតម្លៃរបស់ភាគីជាដៃគូ Earn លើលក្ខណសម្បត្តិរបស់អ្នកក្នុងការចូលរួមសេវា Paxful Earn ប៉ុណ្ណោះ។ ព័ត៌មានទាំងនេះអាចរួមមានជាអាទិ៍ឈ្មោះ និងថ្ងៃខែឆ្នាំកំណើតរបស់អ្នក រួមជាមួយរដ្ឋនិងប្រទេសដែលអ្នករស់នៅ។ ភាគីជាដៃគូ Earn អាចស្នើសុំព័ត៌មានបន្ថែម។ បន្ទាប់មក អ្នកត្រូវតែអនុវត្តតាមសារលោតបង្ហាញ ដើម្បីដាក់បញ្ជូនព័ត៌មានបន្ថែមណាមួយ។ ភាគីជាដៃគូ Earn អាចរក្សាទុក ចូលដំណើរការ ផ្ទេរ ឬប្រើប្រាស់ព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកខុសពីពួកយើង។ ប្រសិនបើអ្នកមិនចង់ចែករំលែកព័ត៌មានដែលអាចកំណត់អត្តសញ្ញាណផ្ទាល់ខ្លួនជាមួយភាគីជាដៃគូ Earn ទេ អ្នកមិនគួរចូលរួម Paxful Earn ឡើយ។
ក្រោយពេលផ្ទៀងផ្ទាត់ អ្នកអាចជ្រើសរើសប្រភេទទ្រព្យឌីជីថល និងរង្វាន់ពាក់ព័ន្ធដែលផ្ដល់ជូនដោយភាគីជាដៃគូ Earn សម្រាប់ការដាក់ទ្រព្យឌីជីថល។ បន្ទាប់ពីអ្នកជ្រើសរើសដាក់ទ្រព្យឌីជីថល នោះទ្រព្យឌីជីថលទាំងនោះនឹងត្រូវបានបង្កកនៅក្នុងកាបូប Paxful របស់អ្នក និងផ្ទេរទៅកាន់ប្រព័ន្ធរបស់ភាគីជាដៃគូ Earn។ អ្នកអាចមើលទ្រព្យឌីជីថលដែលបានដាក់ ក៏ដូចជាការប្រាក់ដែលសន្សំបានតាមរយៈទំព័រកាបូបរបស់អ្នក / Earn នៅលើប្រព័ន្ធ Paxful។
ការប្រាក់ដែលអ្នកប្រើប្រាស់សន្សំបានត្រូវបានកំណត់ដោយ និងផ្អែកលើវិធានរបស់ភាគីជាដៃគូ Earn និងអាចត្រូវបានផ្លាស់ប្ដូរ ឬកែប្រែដោយភាគីជាដៃគូ Earn ក្នុងការសម្រេចទាំងស្រុងរបស់ភាគីជាដៃគូនោះ។ តាមរយៈការចូលរួមធ្វើប្រតិបត្តិការជាមួយភាគីជាដៃគូ Earn អ្នកយល់ព្រមគោរពតាមលក្ខខណ្ឌប្រើប្រាស់សេវារបស់ភាគីជាដៃគូ Earn។ លក្ខខណ្ឌប្រើប្រាស់សេវារបស់ភាគីជាដៃគូ Earn មានសុពលភាពក្នុងគ្រប់កាលៈទេសៈទាំងអស់ លើកលែងតែនៅពេលលក្ខខណ្ឌទាំងនោះផ្ទុយនឹងឬបំពានលើកិច្ចព្រមព្រៀង, លក្ខខណ្ឌប្រើប្រាស់សេវា Paxful Earn ទាំងនេះ, ខុសច្បាប់ មិនសមហេតុផល ឬពិបាកនឹងគោរពតាម (ដូចបានកំណត់តាមការសម្រេចទាំងស្រុង និងជាដាច់ខាតរបស់ Paxful) ឬក្នុងករណីដែលអ្នក និងភាគីជាដៃគូ Earn យល់ព្រមផ្លាស់ប្ដូរលក្ខខណ្ឌរបស់ភាគីជាដៃគូ Earn។ អ្នកទទួលខុសត្រូវក្នុងការអានដោយប្រុងប្រយ័ត្ននូវលក្ខខណ្ឌរបស់ភាគីជាដៃគូ EARN និងអនុវត្តតាមលក្ខខណ្ឌទាំងនោះយ៉ាងតឹងរ៉ឹង។ ប្រសិនបើអ្នកមិនអនុវត្តតាមលក្ខខណ្ឌរបស់ភាគីជាដៃគូ EARN ទេ ប្រតិបត្តិការរបស់អ្នកអាចត្រូវបានបដិសេធ។ មិនត្រូវចូលរួមធ្វើប្រតិបត្តិការសេវា PAXFUL EARN ទេ ប្រសិនបើអ្នកមិនគោរពតាមលក្ខខណ្ឌទាំងអស់ដែលបានផ្ដល់ជូន។ ប្រសិនបើអ្នកមិនគោរពតាមលក្ខខណ្ឌទេ នោះ PAXFUL ប្រហែលមិនអាចជួយអ្នកក្នុងដំណើរការដោះស្រាយវិវាទ ដើម្បីបានប្រាក់របស់អ្នកមកវិញឡើយ។
- ថ្លៃសេវា
-
Paxful នឹងមានតម្លាភាពអំពីថ្លៃសេវារបស់ពួកយើងជានិច្ច។ ថ្លៃសេវាទាំងឡាយនឹងអនុវត្តចំពោះការប្រើប្រាស់សេវា Paxful ដោយរូបអ្នក។ ដើម្បីទទួលបានព័ត៌មានបន្ថែម និងព័ត៌មានថ្មីៗទាក់ទងនឹងថ្លៃសេវាប្ដូរ សូមចូលមើលមជ្ឈមណ្ឌលជំនួយរបស់ពួកយើង។
- គណនីដែលមានសិទ្ធិ និងដែនដីក្រោមការរឹតបន្តឹង
-
សេវា Paxful Earn ត្រូវបានផ្ដល់ជូនតែអ្នកប្រើប្រាស់ដែលមានសិទ្ធិប្រើប្រាស់សេវានេះប៉ុណ្ណោះ។ Paxful រក្សាសិទ្ធិក្នុងការហាមឃាត់ ឬកែប្រែសេវា Paxful Earn សម្រាប់អ្នកប្រើប្រាស់ Paxful ណាក៏បាន ហើយភាគីជាដៃគូ Earn អាចបដិសេធធ្វើប្រតិបត្តិការណាមួយជាមួយអ្នកប្រើប្រាស់ Paxful ណាក៏បាន។ ក្រៅពីដែនដីក្រោមការរឹតបន្តឹង ដូចបានរៀបរាប់នៅក្នុងផ្នែកទី 2.7 នៃលក្ខខណ្ឌប្រើប្រាស់សេវារបស់ពួកយើង សេវា Paxful Earn មិនផ្ដល់ជូនអ្នកប្រើប្រាស់ដែលរស់នៅរដ្ឋតិចសាស ក៏ដូចជាប្រទេស ឬរដ្ឋណាមួយផ្សេងទៀតដែលត្រូវបានហាមឃាត់ដោយលក្ខខណ្ឌប្រើប្រាស់សេវារបស់ភាគីជាដៃគូ Earn ទេ។
- ការមិនធានា ដែនកំណត់នៃទំនួលខុសត្រូវ និងការសន្មតទទួលយកភយន្តរាយ
-
សេវា PAXFUL EARN ត្រូវបានផ្ដល់ជូន “ដូចដែលមាន” និង “ដូចដែលអាចប្រើបាន” ដោយគ្មានការធានា ការបញ្ជាក់ ឬការសន្យារ៉ាប់រងណាមួយឡើយ មិនថាបង្ហាញច្បាស់ ក្នុងលក្ខណៈប្រយោល ឬក៏កំណត់ដោយច្បាប់នោះទេ។ ស្របតាមការអនុញ្ញាតជាអតិបរមាដោយច្បាប់ជាធរមាន PAXFUL សូមប្រកាសយ៉ាងច្បាស់លាស់ថាមិនទទួលខុសត្រូវលើការធានាដោយប្រយោលទាំងឡាយចំពោះសិទ្ធិកម្មសិទ្ធិ ភាពទទួលយកបានសម្រាប់ធ្វើពាណិជ្ជកម្ម ភាពស័ក្តិសមសម្រាប់គោលបំណងជាក់លាក់ និង/ឬការមិនបំពានឡើយ។ PAXFUL មិនធ្វើការបញ្ជាក់ ឬធានាណាមួយឡើយថា ការចូលប្រើប្រាស់គេហទំព័រ ផ្នែកណាមួយរបស់សេវាកម្ម ឬធនធានណាមួយដែលមាននៅលើនោះ នឹងដំណើរការទៅរលូនជាប់ គ្មានភាពរអាក់រអួល ទាន់ពេល ឬដោយគ្មានបញ្ហានោះទេ។ PAXFUL មិនទទួលរ៉ាប់រងលើបញ្ហាមិនដំណើរការទាំងឡាយរបស់កម្មវិធីឬបច្ចេកវិទ្យាភាគីទីបី ការរាំងស្ទះ ឬការខាតបង់ណាមួយដែលអ្នកប្រើប្រាស់អាចទទួលរងឡើយ។ អ្នកទទួលស្គាល់ និងយល់ព្រមថា អ្នកមិនបានពឹងផ្អែកលើសេចក្ដីថ្លែងការណ៍ ឬការយោគយល់គ្នាណាមួយផ្សេងទៀតនោះទេ (ទោះក្នុងទម្រង់ជាលាយលក្ខណ៍អក្សរ ឬផ្ទាល់មាត់ក្ដី) ទាក់ទងនឹងការប្រើប្រាស់ និងការចូលដំណើរការសេវាកម្មនិងគេហទំព័រដោយរូបអ្នក។ ដោយគ្មានការកម្រិតលើអ្វីដែលបានលើកឡើង អ្នកទទួលស្គាល់ និងទទួលយកហានិភ័យផ្សេងៗដែលមានភ្ជាប់ជាមួយការប្រើប្រាស់រូបិយបណ្ណដីជីថល រួមមានជាអាទិ៍ហានិភ័យផ្នែកច្បាប់ បញ្ហាគ្រឿងម៉ាស៊ីន បញ្ហាកម្មវិធី បញ្ហាតភ្ជាប់អ៊ីនធឺណិត កម្មវិធីគ្រោះថ្នាក់ ការរំខានពីភាគីទីបីដែលនាំឱ្យបាត់បង់ឬខ្វះលទ្ធភាពចូលប្រើប្រាស់គណនីឬកាបូប និងទិន្នន័យអ្នកប្រើប្រាស់ផ្សេងទៀតរបស់អ្នក បញ្ហាម៉ាស៊ីនមេ ឬក៏ការបាត់បង់ទិន្នន័យ។ អ្នកយល់ព្រម និងទទួលស្គាល់ថា PAXFUL នឹងមិនទទួលខុសត្រូវលើបញ្ហាប្រាស្រ័យទាក់ទងគ្នា ការរាំងស្ទះ កំហុសឆ្គង ការធ្វើឱ្យខុសពីភាពដើម ឬការពន្យារពេលទាំងឡាយដែលអ្នកអាចជួបប្រទះឡើយ នៅពេលប្រើប្រាស់សេវាកម្ម មិនថាកើតឡើងដោយមូលហេតុអ្វីនោះទេ។
មិនថាក្នុងករណីណាក៏ដោយ ក៏ PAXFUL, សម្ព័ន្ធញាតិនិងក្រុមហ៊ុនផ្ដល់សេវារបស់ PAXFUL ឬមួយក៏មន្ត្រី នាយក ភ្នាក់ងារ បុគ្គលិក ទីប្រឹក្សា អ្នកពិគ្រោះយោបល់ ឬតំណាងណាម្នាក់របស់ពួកគេរៀងៗខ្លួន មិនទទួលខុសត្រូវដែរ (ក) លើទឹកប្រាក់ខាតបង់ក្នុងចំនួនលើសថ្លៃសេវាសរុបដែលអ្នកបានបង់សម្រាប់សេវាកម្មដែលជាសំអាងហេតុ ក្នុងរយៈពេលដប់ពី (12) ខែមុនពេលការខាតបង់នោះកើតឡើង ឬមួយក៏ (ខ) លើប្រាក់ចំណេញទាំងឡាយដែលបានបាត់បង់, ការចុះថយនៃតម្លៃឬឱកាសអាជីវកម្ម, ការបាត់បង់ ការខាតបង់ ការខូចខាតឬការបែកធ្លាយណាមួយនៃទិន្នន័យឬទ្រព្យអរូបីទាំងឡាយផ្សេងទៀត ឬក៏ការខូចខាតជាពិសេស ជាឧប្បត្តិហេតុ ដោយប្រយោល អរូបី ឬជាទណ្ឌកម្មទាំងឡាយ មិនថាមានប្រភពពីកិច្ចសន្យា កំហុសស៊ីវិល ការធ្វេសប្រហែស ការទទួលរ៉ាបង់រងដាច់ខាត ឬក៏កើតមានពីឬពាក់ព័ន្ធជាមួយនឹងការប្រើប្រាស់គេហទំព័រឬសេវាកម្ម ឬកិច្ចព្រមព្រៀងនេះដោយមានឬមិនមានការអនុញ្ញាតនោះទេ ទោះបីជាតំណាងពេញសិទ្ធិរបស់ PAXFUL ត្រូវបានជម្រាបឱ្យដឹង បានដឹង ឬគួរតែបានដឹងអំពីលទ្ធភាពនៃការខូចខាតបែបនេះក៏ដោយ និងទោះបីជាដំណោះស្រាយដែលបានព្រមព្រៀងណាមួយឬផ្សេងទៀតមិនមានប្រសិទ្ធភាពតាមគោលបំណងសំខាន់របស់ដំណោះស្រាយនោះក៏ដោយ លើកលែងតែក្នុងករណីដែលការសម្រេចចុងក្រោយរបស់តុលាការកំណត់ថា ការខូចខាតទាំងនេះគឺបណ្ដាលមកពីការធ្វេសប្រហែសទាំងស្រុង ការក្លែងបន្លំ ការប្រព្រឹត្តខុសដោយចេតនា ឬការតាំងចិត្តបំពានលើច្បាប់របស់ PAXFUL។ ដែនដីមួយចំនួនមិនអនុញ្ញាតឱ្យច្រានចោល ឬធ្វើការកម្រិតលើការខូចខាតជាឧប្បត្តិហេតុ ឬជាទណ្ឌកម្មឡើយ ដូច្នេះដែនកំណត់ដូចរៀបរាប់ខាងលើអាចមិនអនុវត្តចំពោះអ្នកទេ។
អ្នកទទួលស្គាល់ និងយល់ព្រមថា Paxful កំពុងដើរតួជាភាគីផ្ដល់ផ្ទៃប្រើប្រាស់សម្រាប់សេវា Paxful Earn នេះ។ អ្នកទទួលស្គាល់បន្ថែមទៀតថា Paxful មិនអាចគ្រប់គ្រង ឬ Paxful នឹងមិនទទួលរ៉ាប់រងលើកម្មវិធីបង្កើតការប្រាក់មូលដ្ឋានដែលផ្ដល់ជូនដោយភាគីជាដៃគូ Earn ឡើយ។ Paxful នឹងមិនទទួលខុសត្រូវឡើយលើការខាតបង់ទាំងឡាយដែលកើតឡើងដោយសារចន្លោះប្រហោងកិច្ចសន្យាឆ្លាតវៃ ហេតុការណ៍មានគេចូលលួច ឬក៏ការផ្អាក ការឈប់ដំណើរការ ឬការបញ្ឈប់នៃអាជីវកម្ម ការក្ស័យធន ការផ្អាកឬការបញ្ឈប់ខុសប្រក្រតីនៃការជួញដូររបស់ភាគីជាដៃគូ Earn ឬក៏ហានិភ័យដែលអាចមានផ្សេងៗទៀត។ អ្នកយល់ព្រមទទួលរ៉ាប់រងលើហានិភ័យពាក់ព័ន្ធទាំងអស់ដែលភ្ជាប់ជាមួយប្រព័ន្ធរបស់ភាគីជាដៃគូ Earn និងការខាតបង់ទាំងអស់ដែលអ្នកអាចជួបប្រទះ ដោយសារហានិភ័យដែលបានលើកឡើងខាងលើនេះ។ ប្រសិនបើអ្នកជួបប្រទះការខាតបង់ណាមួយ ដោយសារការកើតឡើងនៃហានិភ័យដែលបានលើកឡើងខាងលើ អ្នកយល់ព្រមថា ចំណែកប្រាក់ពាក់ព័ន្ធដែលបានបង្កកដែលអ្នកបានបាត់បង់នៅក្នុងគណនីរបស់អ្នកនឹងត្រូវបានដកហូតតាមកម្រិតខូចខាត ឬខាតបង់ដែលកើតមាន។
អ្នកយល់ព្រម និងទទួលយកថា ប្រសិនបើផ្នែកណាមួយនៃសេវា Paxful Earn ដែលផ្ដល់ជូនដោយ Paxful ឬភាគីជាដៃគូ Earn មិនអាចចូលប្រើប្រាស់បាន ឬរងការរំខាន ដោយសារតែកាលៈទេសៈដូចខាងក្រោម នោះ Paxful នឹងមិនទទួលរ៉ាប់រងឡើយលើខាតបង់ណាមួយរបស់អ្នក ឬភាគីទីបីទាំងឡាយ (រួមមានជាអាទិ៍ការខាតបង់ប្រាក់ចំពេញដោយផ្ទាល់ ដោយប្រយោល ឬដែលអាចមានទាំងឡាយ) ដែលបណ្ដាលមកពីដើមហេតុដូចបានរៀបរាប់៖
- ការផ្អាក ការឈប់ដំណើរការ ការបិទ ឬការបញ្ឈប់អាជីវកម្មរបស់ភាគីជាដៃគូ Earn
- ការផ្អាកដំណើរការសេវា ដើម្បីពិនិត្យជួសជុល ដូចដែលបានប្រកាសដោយភាគីជាដៃគូ Earn ឬ Paxful
- បញ្ហាប្រព័ន្ធក្នុងការបញ្ជូនទិន្នន័យ
- ប្រធានសក្តិ ឬឧប្បត្តិហេតុផ្សេងទៀតដែលបណ្ដាលមកពីកាលៈទេសៈដែលមិនអាចទាយទុកជាមុនបាន មិនអាចជៀសវាងបាន និងមិនអាចដោះស្រាយបាន ដូចជាព្យុះទីហ្វុង រញ្ជួយដី រលកយក្សស៊ូណាមិ ទឹកជំនន់ អាសន្នរោគ ការដាច់ថាមពល សង្គ្រាម ចលាចល វិធានការរដ្ឋាភិបាល ការវាយប្រហារពីភេរវជនជាដើម ដែលនាំឱ្យមានការផ្អាកប្រព័ន្ធរបស់ Paxful ឬភាគីជាដៃគូ Earn
- បញ្ហាមិនដំណើរការ ការរាំងស្ទះ ឬការពន្យារពេលរបស់សេវាដែលកើតពីការលួចចូល មេរោគកុំព្យូទ័រ ការកែតម្រូវឬបញ្ហាផ្នែកបច្ចេកទេស ការដំឡើងកំណែគេហទំព័រ បញ្ហាសេវាធនាគារ ឬការបិទជាបណ្ដោះអាសន្នដោយសារបទបញ្ញត្តិរដ្ឋាភិបាល
- បញ្ហាសេវាមិនដំណើរការ រាំងស្ទះ ពន្យារពេល ប្រព័ន្ធមិនឆ្លើយតប ឬការឆ្លើយតបរបស់ប្រព័ន្ធពន្យារពេល ដោយសារតែប្រព័ន្ធកុំព្យូទ័រនៃប្រព័ន្ធរបស់ភាគីជាដៃគូ Earn ឬ Paxful កំពុងរងការខូចខាត ជួបបញ្ហា ឬមិនអាចដំណើរការប្រក្រតី
- បញ្ហាបច្ចេកទេសខុសប្រក្រតីដែលមិនអាចព្យាករទុក ឬដោះស្រាយដោយកម្លាំងបច្ចេកទេសដែលមានស្រាប់ក្នុងឧស្សាហកម្ម
- កំហុស ឬការពន្យារពេលរបស់ភាគីទីបី ឬមួយក៏
- ការផ្លាស់ប្ដូរនៃច្បាប់ បទបញ្ញត្តិ ឬការបញ្ជាជាធរមានពីរដ្ឋាភិបាល។
អ្នកយល់ព្រម និងទទួលយកបន្ថែមទៀតថា ការកើតឡើងនៃកាលៈទេសៈខាងលើអាចនាំឱ្យប្រតិបត្តិការមានភាពខុសប្រក្រតី ទីផ្សាររងការរាំងស្ទះ និងស្ថានភាពខុសប្រក្រតីដែលអាចមានផ្សេងទៀត ហើយ Paxful រក្សាសិទ្ធិក្នុងការបដិសេធមិនដំណើរការប្រតិបត្តិការរបស់អ្នកផ្អែកតាមការសម្រេចទាំងស្រុងរបស់ខ្លួន។