គោលការណ៍ AML

Paxful, Inc. និង Paxful USA, Inc. (តែ​ឯង និង​ជារួម​ហៅ​ថា “ក្រុមហ៊ុន”) ដែល​បាន​ចុះ​បញ្ជី​ជា​សាជីវកម្ម​ក្រោម​ច្បាប់​នៃ​រដ្ឋ​ដេឡាវែរ ផ្ដល់​ជូន​សេវាកម្ម​តាម​រយៈ​ទីផ្សារ​ជួញដូរ​រវាង​បុគ្គល​និង​បុគ្គល (“P2P”) ដែល​ដំណើរការ​តាម​អ៊ីនធឺណិត​សម្រាប់​ការទិញ និង​លក់​ទ្រព្យ​ឌីជីថល។

ក្រុមហ៊ុន​នេះ​ត្រូវ​បាន​ចុះ​បញ្ជី​ជា​អាជីវកម្ម​ផ្ដល់​សេវា​រូបិយបណ្ណ​ជាមួយ​បណ្ដាញ​អនុវត្តច្បាប់​ប្រឆាំង​នឹង​ឧក្រិដ្ឋកម្ម​ហិរញ្ញវត្ថុ (“FinCEN”) របស់​ក្រសួង​រតនាគារ​សហរដ្ឋ​អាមេរិក។ គោលការណ៍ និង​នីតិ​វិធី​ប្រឆាំង​នឹង​ការលាង​សម្អាត​ប្រាក់ (“AML”) របស់ Paxful ត្រូវ​បាន​បង្កើត​ឡើង ដើម្បី​រារាំង​សកម្មភាព​ខុស​ច្បាប់​លើ​ប្រព័ន្ធ​នេះ ការពារ​អ្នក​ប្រើប្រាស់ អាជីវកម្ម ព្រមទាំង​រូបិយបណ្ណ​ឌីជីថល​និង​សហគមន៍​ក្នុង​សេវា​ហិរញ្ញវត្ថុ​ពី​ការកេង​ប្រវ័ញ្ច​ដោយ​ឧក្រិដ្ឋជន។ ក្រុមហ៊ុន​អនុលោម​តាម​លក្ខខណ្ឌ​តម្រូវ​ក្នុង​ច្បាប់​ស្ដីពី​ការសម្ងាត់​ធនាគារ រួម​ជាមួយ​បទបញ្ញត្តិ​និង​គោលការណ៍​ណែនាំ​ដែល​ពាក់ព័ន្ធ​របស់ FinCEN។

ជា​ផ្នែក​មួយ​នៃ​គោលការណ៍​អនុលោមភាព​របស់ Paxful គោលការណ៍ និង​នីតិវិធី​ស្គាល់​អត្តសញ្ញាណ​អតិថិជន (“KYC”) សម្រាប់​អតិថិជន​ជា​បុគ្គល និង​ស្ថាប័ន​ត្រូវ​បាន​តាក់តែង​ឡើង ដើម្បី​ផ្ដល់​លទ្ធភាព​ឱ្យ​ក្រុមហ៊ុន​បង្កើត​ជំនឿ​សម​ហេតុផល​ថា ក្រុមហ៊ុន​ស្គាល់​អត្តសញ្ញាណ​ពិត​ប្រាកដ​នៃ​អតិថិជនដែល​បាន​ឆ្លងកាត់​ការពិនិត្យ​ផ្ទៀងផ្ទាត់។ គោលការណ៍​អនុវត្ត​ចំពោះ​គ្រប់​អ្នក​ប្រើប្រាស់​ទាំងអស់​នៅ​លើ​ប្រព័ន្ធ ហើយ​គ្រប់​បុគ្គលិក អ្នក​ពិគ្រោះ​យោបល់ មន្ត្រី ម្ចាស់ និង​នាយក​របស់​ក្រុមហ៊ុន​ត្រូវ​គោរព​តាម​គោលការណ៍​បែប​នេះ។

ដោយ​ប្រើប្រាស់​វិធីសាស្ត្រ​ផ្អែក​តាម​ហានិភ័យ​ជា​ផ្នែក​មួយ​នៃ​អនុលោមភាព​សម្រាប់ KYC និង AML, Paxful បាន​ចាត់​វិធានការ​ដូច​ខាង​ក្រោម៖

  • ការចាត់តាំង​ប្រធាន​ផ្នែក​អនុលោមភាព​​ដែល​មាន​ជំនាញ​និង​ឯករាជ្យភាព​ក្នុង​កម្រិត​គ្រប់គ្រាន់ ទទួល​ខុស​ត្រូវ​លើ​ការត្រួត​ពិនិត្យអនុលោមភាព​តាម​ច្បាប់ បទ​បញ្ញត្តិ វិធាន និង​គោលការណ៍​ណែនាំ​ឧស្សាហកម្ម
  • ការបង្កើត និង​រក្សា​គោលការណ៍ KYC, ការយក​ចិត្ត​ទុក​ដាក់​ស្គាល់​អតិថិជន (CDD) និង​ការពង្រឹង​ការយក​ចិត្ត​ទុក​ដាក់​ស្គាល់ (EDD) ដែល​ផ្អែក​តាម​ហានិភ័យ
  • ការបង្កើត​កម្រិត​ផ្ទៀងផ្ទាត់​អ្នក​ប្រើប្រាស់​របស់​ក្រុមហ៊ុន​ផ្អែក​តាម​ហានិភ័យ (សូម​មើល​អត្ថបទ​ប្លក់​នេះ)
  • ការសហការ​តាម​សំណើ​ពី​ភ្នាក់ងារ​អនុវត្ត​ច្បាប់ និង​តាម​លក្ខខណ្ឌ​តម្រូវ​ផ្នែក​ច្បាប់​ក្នុង​តំបន់
  • ការរាយការណ៍​អំពី​សកម្មភាព​គួរ​ឱ្យ​សង្ស័យ (“SAR”);
  • ការបណ្ដុះបណ្ដាល BSA/AML/OFAC ទូទាំង​ក្រុមហ៊ុន
  • ការប្រើប្រាស់​ប្រព័ន្ធ​ប្រឆាំង​នឹង​ការក្លែង​បន្លំ​ផ្សេងៗ
  • ការបន្ត​តាមដាន​ប្រតិបត្តិការ​ផ្អែក​តាម​វិធាន​
  • ការស៊ើប​អង្កេត​ដោយ​ប្រើប្រាស់​ការវិភាគ Blockchain

ពួកយើង​រាយការណ៍​អំពី​សកម្មភាព​គួរ​ឱ្យ​សង្ស័យ ប្រសិន​បើ​ពួកយើង​ដឹង សង្ស័យ ឬ​មាន​មូលហេតុ​សង្ស័យ​ថា សកម្មភាព​គួរ​ឱ្យ​សង្ស័យ​បាន​កើត​ឡើង​នៅ​លើ​ប្រព័ន្ធ​របស់​ពួកយើង។ ជា​រឿយៗ ប្រតិបត្តិការ​គួរ​ឱ្យ​សង្ស័យ​ជា​ប្រតិបត្តិការ​ដែល​មិន​​ស៊ី​សង្វាក់​គ្នា​នឹង​អាជីវកម្ម​ដែល​ស្គាល់​ថា​ស្រប​ច្បាប់ សកម្មភាព​ផ្ទាល់​ខ្លួន ឬ​ប្រតិបត្តិការ​ផ្ទាល់​ខ្លួន​របស់​អ្នក​ប្រើប្រាស់​ឡើយ។ ប្រធាន​ផ្នែក​អនុលោមភាព​របស់​ពួកយើង​ធ្វើ​ការពិនិត្យ​មើល និង​ស៊ើប​អង្កេត​សកម្មភាព​គួរ​ឱ្យ​សង្ស័យ ដើម្បី​កំណត់​ថា​តើ​ព័ត៌មាន​គ្រប់គ្រាន់​ត្រូវ​បាន​ប្រមូល​យក​ហើយ​ឬ​នៅ ដើម្បី​មាន​ហេតុផល​សមស្រប​ក្នុង​ការរាយការណ៍​អំពី​សកម្មភាព​គួរ​ឱ្យ​សង្ស័យ។ ប្រធាន​ផ្នែក​អនុលោមភាព​របស់​ពួកយើង​រក្សា​កំណត់ត្រា និង​ឯកសារ​គាំទ្រ​សម្រាប់​ការរាយការណ៍​អំពី​សកម្មភាព​គួរ​ឱ្យ​សង្ស័យទាំងអស់។

ក្រុមហ៊ុន​ក៏​បាន​ប្រើប្រាស់​គោលការណ៍ និង​នីតិ​វិធី​ដាក់​ទណ្ឌកម្ម​របស់ OFAC ដែល​កំពុង​ដំណើរការ​ផងដែរ ដើម្បី​ការពារ​ប្រព័ន្ធ​ពី​ការប្រើប្រាស់​សម្រាប់​ប្រតិបត្តិការ​ដែល​បាន​ហាមឃាត់ ការប្រើប្រាស់​ដោយ​បុគ្គល​ដែល​ស្ថិត​ក្រោម​ការដាក់​ទណ្ឌកម្ម ឬ​ការប្រើប្រាស់​សម្រាប់​គោល​បំណង​រត់​គេច ជៀសវាង ឬ​គេចវេះ​ពី​ទណ្ឌកម្ម​សហរដ្ឋ​អាមេរិក និង​សកល​លោក។

Paxful សហការ​ពេញ​ទំហឹង​តាម​បញ្ជី​ដាក់​ទណ្ឌកម្ម​របស់ OFAC, បញ្ជី​ដាក់​ទណ្ឌកម្ម​លើ​អ្នក​មាន​សញ្ជាតិ​ដែល​បាន​កំណត់​ជា​ពិសេស (SDN) និង​បញ្ជី​ដាក់​ទណ្ឌកម្ម​លើ​បុគ្គល​ដែល​បាន​ទប់ស្កាត់។ សូម​ចូល​មើល​តំណ​ដូច​ខាង​ក្រោម ដើម្បី​ឃើញ​បញ្ជី​ប្រទេស​ដែល​បាន​ហាមឃាត់​ផ្អែក​តាម​ហានិភ័យ​របស់​ក្រុមហ៊ុន។ ប្រទេស​ទាំង​នេះ​ត្រូវ​បាន​រារាំង​មិន​ឱ្យ​ប្រើប្រាស់​ប្រព័ន្ធ​របស់ Paxful ទេ។

ក្នុង​ករណី​ដែល Paxful មាន​ផ្ដល់ជូន​ការបកប្រែ​ពី​កំណែ​ភាសា​អង់គ្លេស​នៃ​គោលការណ៍​នេះ​ដល់​អ្នក នោះ​អ្នក​យល់ព្រម​ថា ការបកប្រែ​ត្រូវ​បាន​ផ្ដល់ជូន​អ្នក ដើម្បី​បង្ក​ភាពងាយស្រួល​តែ​ប៉ុណ្ណោះ ហើយ​កំណែ​ភាសា​អង់គ្លេស​នៃ​គោលការណ៍​នេះ​នឹង​គ្រប់គ្រង​លើ​ទំនាក់ទំនង​របស់​អ្នក​ជាមួយ Paxful។ ប្រសិន​បើ​មាន​ចំណុច​ខុស​គ្នា​ណា​មួយ​រវាង​កំណែ​ភាសា​អង់គ្លេស និង​កំណែ​បកប្រែ​នៃ​គោលការណ៍​នេះ នោះ​កំណែ​ភាសា​អង់គ្លេស​នឹង​ត្រូវ​យក​ជា​គោល។